បាងកក — គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើការលុបចោលអនុស្សរណៈយោគយល់គ្នា (MOU) ឆ្នាំ ២០០១ ជាមួយកម្ពុជា ស្តីពីការទាមទារតំបន់សមុទ្រជាន់គ្នានិងគ្នា ដោយ...
បាងកក — គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើការលុបចោលអនុស្សរណៈយោគយល់គ្នា (MOU) ឆ្នាំ ២០០១ ជាមួយកម្ពុជា ស្តីពីការទាមទារតំបន់សមុទ្រជាន់គ្នានិងគ្នា ដោយនាយករដ្ឋមន្ត្រី លោក អានុទីន ឆានវីរៈកូល (Anutin Charnvirakul) បានបញ្ជាក់យ៉ាងច្បាស់ថា ចំណាត់ការនេះនឹងមិនប៉ះពាល់ដល់ស្ថិរភាពព្រំដែននោះទេ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានរដ្ឋាភិបាល វេលាម៉ោង ១២:៣០ នាទី ថ្ងៃទី ៥ ខែឧសភា លោក អានុទីន បានមានប្រសាសន៍ថា សេចក្តីសម្រេចនេះមិនមានជាប់ពាក់ព័ន្ធនឹងជម្លោះបច្ចុប្បន្នណាមួយជាមួយកម្ពុជានោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីការពិនិត្យឡើងវិញនូវគោលនយោបាយលើក្របខណ្ឌការងារមួយ ដែលបានអនុវត្តអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ប៉ុន្តែមិនទាន់ឈានដល់ការសន្និដ្ឋានណាមួយ។
លោកបានបន្តថា ប្រទេសទាំងពីរអាចពឹងផ្អែកលើក្របខណ្ឌអន្តរជាតិដែលមានស្រាប់ជំនួសវិញ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីតម្រង់ទិសសម្រាប់ការពិភាក្សានៅពេលអនាគត ដោយកត់សម្គាល់ថា ទាំងថៃ និងកម្ពុជា សុទ្ធតែជាភាគីហត្ថលេខីនៃអនុសញ្ញានេះ។
នៅពេលត្រូវបានសួរអំពីការលើកឡើងរបស់ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលថាការលុបចោល MOU នេះ អាចធ្វើឱ្យជម្លោះកាន់តែខ្លាំងឡើង លោក អានុទីន បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយលើកឡើងថា អ្នកសារព័ត៌មានគួរតែស្វែងរកការបំភ្លឺពីភាគីកម្ពុជាដោយផ្ទាល់។
នាយករដ្ឋមន្ត្រីថៃបានបន្ថែមថា បច្ចុប្បន្នមិនទាន់មានការចរចារវាងប្រទេសទាំងពីរនៅឡើយទេ ហើយរាល់ការពិភាក្សានៅពេលអនាគតនឹងត្រូវធ្វើឡើងក្រោម "បរិបទថ្មី" ដោយមិនយក MOU ឆ្នាំ ២០០១ មកធ្វើជាមូលដ្ឋានទៀតឡើយ។
ចំពោះជំហានបន្ទាប់ លោក អានុទីន បានថ្លែងថា ប្រទេសថៃនឹងជូនដំណឹងជាផ្លូវការទៅកាន់កម្ពុជាអំពីសេចក្តីសម្រេចនេះ មុនពេលវាចូលជាធរមាន។ លោកបានកត់សម្គាល់ថា រាល់ការរៀបចំសម្រាប់ពេលអនាគតលើការបែងចែកផលប្រយោជន៍ពីធនធានបាតសមុទ្រ នឹងតម្រូវឱ្យមានការពិភាក្សាជាថ្មី ហើយអាចនឹងមានកិច្ចព្រមព្រៀងថ្មីមួយទៀត។
ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសហ្វីលីពីននាពេលខាងមុខ លោក អានុទីន បានរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយបានសង្កត់ធ្ងន់ថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនា។
"យើងគ្មានបញ្ហាក្នុងការជួបជុំ និងជជែកគ្នានោះទេ។ ខ្ញុំអាចធានាចំពោះប្រជាជនថៃនូវវិធីសាស្ត្រ 'ប្រទេសថៃជាអាទិភាព' (Thailand First)។ វានឹងមិនមានអ្វីដែលធ្វើឱ្យប្រទេសជាតិខាតបង់នោះទេ"។
ឆ្លើយតបទៅនឹងក្តីបារម្ភអំពីភាពតានតឹងដែលអាចកើតមាននៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា លោក អានុទីន បានមានប្រសាសន៍ថា ទីភ្នាក់ងារសន្តិសុខ និងយោធា នៅតែបន្តការប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍យ៉ាងដិតដល់។
លោកបានបញ្ជាក់បន្ថែមថា៖ "មិនមានមូលហេតុដែលត្រូវបារម្ភនោះទេ។ តាមពិតទៅ ស្ថានភាពបានប្រសើរឡើង" ដោយលោកបានបន្ថែមថា លោកទទួលបានរបាយការណ៍បច្ចុប្បន្នភាពជាប្រចាំពីកងកម្លាំងប្រដាប់អាវុធ។

COMMENTS